25/10/2026
នាយទាហាននៃវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម ចូលរួមវគ្គបណ្តុះបណ្តាល «អ្នកវាយតម្លៃគុណភាពកម្មវិធី ADN» រៀបចំដោយក្រសួងសុខាភិបាល និង GIZ
————————————
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នាយទាហានចំនួន ៣រូប តំណាងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ (វ.វ.ស.) ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិតឯកទេស ឃឹម អូណែត នាយករងវិទ្យាស្ថាន បានចូលរួមវគ្គបណ្តុះបណ្តាលជា «អ្នកវាយតម្លៃគុណភាព (Surveyor)» សម្រាប់កម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក (ADN) នៅអគារសាយន្ត។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងអង្គការ GIZ ដោយមានសិក្ខាកាម មកពីគ្រឹះស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាលសាធារណៈចំនួន ៦។ ក្រោមការបង្ហាត់បង្ហាញពីសាស្ត្រាចារ្យជំនាញជនជាតិឥណ្ឌូណេស៊ីចំនួន ២រូប សិក្ខាកាមបានពង្រឹងសមត្ថភាពលើការអនុវត្តវាយតម្លៃសាកល្បង (Mock-up assessment) និងការពិនិត្យភស្តុតាងស្របតាមស្តង់ដាក្រសួងសុខាភិបាល ដែលផ្អែកលើ ៩សូចនាករ និង ៥១សូចនាករគាំទ្រ សម្រាប់កំណត់ការទទួលស្គាល់គុណភាពជា ៣ កម្រិត (ពេញលេញ ៥ឆ្នាំ, បណ្តោះអាសន្ន ៣ឆ្នាំ និងកម្រិតបេក្ខភាព)។
បន្ទាប់ពីបញ្ចប់វគ្គទី១ នេះ សិក្ខាកាមទាំងអស់នឹងបន្តចូលរួមវគ្គទី២ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៦ ដើម្បីចុះអនុវត្តការវាយតម្លៃផ្ទាល់ (On-site assessment) នៅតាមគ្រឹះស្ថានគោលដៅជាក់ស្តែង។