06/09/2026
មានរីក ត្រូវតែមានរោយ
ព្រឹកមួយ ក្លែបផ្កាដ៏ស្រស់បំព្រងដែលធ្លាប់តែរេយោលលេងយ៉ាងទន់ភ្លន់ក្នុងកម្លាំងខ្យល់ បានចាប់ផ្ដើមរុះរោយធ្លាក់មកលើដីម្ដងមួយៗ យើងឱនរើសត្របកផ្កាទាំងនោះដោយក្ដីសោកស្ដាយ និងអាឡោះអាល័យ ទោះបីជាយើងស្រឡាញ់ ថ្នាក់ថ្នម និងលះបង់ការថែទាំដល់ផ្កានេះខ្លាំងប៉ុណ្ណាក៏ដោយ ក៏យើងមិនអាចទប់ទល់នឹងក្រឹត្យក្រមធម្មជាតិដែលកំណត់ថា "មានរីក ត្រូវតែមានរោយ" នោះឡើយ។
ងាកទៅមើលជ្រុងម្ខាងទៀតនៃសួនច្បារ ស្មៅចង្រៃដែលយើងមិនដែលចង់បាន បែរជាលូតលាស់ដុះដាលយ៉ាងស្វាហាប់ យើងខំប្រឹងដកវាចេញម្ដងហើយម្ដងទៀត យើងត្អូញត្អែរ យើងស្អប់វា ហើយលួចសង្ឃឹមថានៅថ្ងៃស្អែក វានឹងរលាយបាត់ពីមុខយើងជារៀងរហូត ប៉ុន្តែផ្ទុយទៅវិញ នៅព្រឹកបន្ទាប់ វានៅតែលេចមុខមក ថែមទាំងមានពណ៌បៃតងស្រស់ និងចាក់ឫសជ្រៅជាងមុនទៅទៀត។
ទស្សនវិទូសេន... ព្រះតេជគុណ ដូហ្គេន (Dogen) បានពោលទុកនូវឃ្លាដ៏មានអត្ថន័យជ្រាលជ្រៅមួយថា...
"ផ្កានឹងរុះរោយ ទោះបីជាយើងស្រឡាញ់វាខ្លាំងប៉ុណ្ណាក៏ដោយ
ចំណែកស្មៅចង្រៃនឹងដុះលូតលាស់ ទោះបីជាយើងស្អប់ខ្ពើមវាខ្លាំងប៉ុណ្ណាក៏ដោយ"
ជីវិតរបស់មនុស្សយើងម្នាក់ៗ ក៏មិនខុសពីសួនច្បារនេះដែរ
ចំពោះរឿងរ៉ាវ ឬមនុស្សដែលយើងស្រឡាញ់ពេញបេះដូង ពេលខ្លះពួកគេតែងតែដើរចេញពីជីវិតយើង ទោះបីជាយើងប្រឹងប្រែងប្រណិប័តន៍ និងរក្សាទំនាក់ទំនងនោះយ៉ាងណាក៏ដោយ។ សេចក្ដីស្រឡាញ់ ភាពផ្អែមល្ហែម និងពេលវេលាល្អៗ ជួនកាលក៏សាបរលាបទៅតាមពេលវេលា ហាក់បីដូចជាផ្កាដែលត្រូវរុះរោយតាមរដូវកាល។ យើងត្រូវទទួលស្គាល់ការពិតថា យើងមិនអាចបង្ខំអ្នកណាម្នាក់ ឬក្ដីសុខណាមួយឱ្យនៅក្បែរយើងជារៀងរហូតបានឡើយ។
ចំណែកឯសេចក្ដីទុក្ខ ក្ដីកង្វល់ ភាពភ័យខ្លាចដែលយើងចង់កម្ចាត់ចោល អនុស្សាវរីយ៍ជូរចត់ដែលយើងចង់បំភ្លេច មនុស្សដែលយើងមិនចង់ជួបមុខ ឬមុខរបួសផ្លូវចិត្តដែលយើងចង់ឱ្យជាសះស្បើយ... របស់ទាំងនេះប្រៀបបាននឹងស្មៅចង្រៃអញ្ចឹងដែរ ពួកវាមិនខ្វល់ថាយើងមានអារម្មណ៍តានតឹង ឬស្អប់ពួកវាប៉ុណ្ណានោះទេ។ តាមការពិតទៅ ផ្លូវចិត្តរបស់មនុស្សគឺចម្លែកណាស់ ពេលដែលយើងកាន់តែរុញច្រាន កាន់តែព្យាយាមបំភ្លេច ឬកាន់តែចងគំនុំស្អប់ខ្ពើម ពួកវាកាន់តែចាក់ឫសជ្រៅក្នុងបេះដូងយើង ហើយរីកធំធាត់ឡើងរំខានសេចក្ដីសុខយើងកាន់តែខ្លាំង។
យើងត្រូវរៀនទទួលស្គាល់ការពិតមួយថា ពិភពលោកនេះមិនបានវិលជុំវិញក្ដីស្រឡាញ់របស់យើង ហើយក៏មិនព្រមផ្លាស់ប្ដូរទៅតាមក្ដីស្អប់របស់យើងនោះដែរ គ្រប់យ៉ាងលើលោក តែងតែវិវឌ្ឍទៅតាមច្បាប់ធម្មជាតិជានិច្ច គឺមានកើត មានចាស់ មានឈឺ មានស្លាប់ មានជួប មានព្រាត់ ជាសច្ចធម៌ដែលមិនអាចប្រកែកបាន។
ដូច្នេះ តួនាទីពិតប្រាកដរបស់យើងក្នុងជីវិតនេះ ប្រហែលជាមិនមែនជាការខំប្រឹងប្រឆាំងគ្រប់គ្រងមិនឱ្យផ្ការុះរោយ ឬទៅហាមឃាត់ស្មៅចង្រៃមិនឱ្យដុះនោះទេ ប៉ុន្តែ តួនាទីដ៏សំខាន់បំផុតគឺ "ការរៀនសម្លឹងមើលការពិតទាំងនោះ ដោយសន្តិភាពផ្លូវចិត្ត និងការយល់ដឹង" យើងអាចបន្តដំណើរដើរឆ្លងកាត់សួនច្បារនៃជីវិតនេះ ដោយក្ដីរំភើបនិងរីករាយ ទោះបីជាយើងមិនអាចគ្រប់គ្រង ឬគ្រប់គ្រងផ្កាគ្រប់ទង ហើយក៏មិនបាច់ចាំប្រកាសសង្គ្រាមកម្ចាត់ស្មៅចង្រៃគ្រប់ដើមនោះដែរ។
ចូរធ្វើខ្លួនឱ្យដូចជា "ខ្យល់រំភើយ" ដែលបក់កាត់សួនច្បារនាពេលល្ងាច ខ្យល់បក់មកប៉ះរុក្ខជាតិទាំងឡាយដោយភាពត្រជាក់ត្រជុំ តែមិនដែលព្យាយាមចងក្រសោបចាប់ផ្កាណាមួយទុកជាកម្មសិទ្ធិ ហើយក៏មិនដែលខឹងសម្បារុញច្រានស្មៅចង្រៃណាមួយចោលដែរ វាគ្រាន់តែបក់កាត់យ៉ាងស្ងប់ស្ងាត់ ស្រាលស្រទន់ ហើយបន្តដំណើរទៅមុខប្រកបដោយសេរីភាព និងភាពស្រស់ស្អាតជានិច្ច។
ជីវិតដែលស្គាល់ការ "លែងបង់" គឺជាជីវិតដែលពោរពេញដោយសន្តិភាពយ៉ាងពិតប្រាកដ!
_____សុវត្ថន៍-Sovathn